ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានទទួលការគោរស្រលាញ់កោតសសើរពី បងប្អូន ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថា បានដើរតួនាទីដ៏សំខាន់ ក្នុងសកម្មភាពច្រើនបំផុត ក្នុងការគ្រប់គ្រង អភិវឌ្ឍន៍ ដឹកនាំនិង ផ្លាស់ប្តូរការកែលំអរបន្ថែមសម្រាប់វឌ្ឍនភាពរបស់ក្រុងប៉ោយប៉ែត..

ក្រុងប៉ោយប៉ែត÷គូររំលឹកថាថ្ងៃនេះជាខួប២ឆ្នាំ នៃការចូលទទួលអម្រែក ជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយក្រុងប៉ោយប៉ែតរបស់ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងរយៈពេល២ឆ្នាំមកនេះ ឯកឧត្តមបានទទួលការគោរពស្រលាញ់កោតសសើរពី បងប្អូន ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថា បានដើរតួនាទីដ៏សំខាន់ ក្នុងសកម្មភាពច្រើនបំផុត ក្នុងការគ្រប់គ្រង អភិវឌ្ឍន៍ ដឹកនាំនិង ផ្លាស់ប្តូរការកែលំអរបន្ថែមសម្រាប់វឌ្ឍនភាពរបស់ក្រុងប៉ោយប៉ែត ។ ជាអកុសលក្នុងពេលដែលដំណើរអភិវឌ្ឍន៍ឆ្ពោះទៅមុខរបស់ ក្រុងប៉ោយប៉ែត ត្រូវបានបង្អាក់ដោយស្ថានភាពតឹងតែង និងបានវិវឌ្ឍទៅជម្លោះប្រដាប់អាវុធ និងការឈ្លានពានពីប្រទេសជិតខាង តាំងពីអំឡុងខែកក្កដា និងបង្ករជាទំហំទ្រង់ទ្រាយធំ ក្នុងអំឡុង ខែធ្នូឆ្នាំ២០២៥ ដែលបង្ករការគម្រាមកំហែងយ៉ាងគំហុកដល់ សុវត្ថិភាពរបស់ ប្រជាពលរដ្ឋ ពាណិជ្ជករ អាជីវកម្ម ទេសចរ និងប៉ះពាល់អាយុជីវិត ក្រុងប៉ោយប៉ែតទាំងមូល ។ ក្នុងស្ថានភាពដ៏លំបាក គ្រោះថ្នាក់ និងស្មុគស្មាញបំផុតមួយនេះ អម្រែកដ៏ធ្ងន់ បានធ្លាក់ទៅលើ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដែលទំនួលខុសត្រូវ កាន់តែមានភាពស្រួចស្រាល់ ខ្លាំងពីព្រោះ ភូមិសាស្ត្រទាំងឡាយ របស់ក្រុងប៉ោយប៉ែត និងបណ្ដាទិសដៅជុំវិញដែលជាសមរភូមិប្រយុទ្ធផ្ទាល់ព័ទ្ធភូមិសាស្ត្រនៃ ក្រុងប៉ោយប៉ែត បានទទួលរងនូវ ការបាញ់ប្លោង ទំលាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនអត្តឃាត ជាពិសេសភូមិសាស្ត្រ មួយចំនួន ជាខ្សែក្រវ៉ាត់សមរភូមិក្ដៅនៃកងទ័ពថ្មើរជើង រួមមាន សមរភូមិជោគជ័យ ព្រៃចាន់ បឹងត្រកួន ជាដើម បន្ថែមពីនោះ ក្រុងប៉ោយប៉ែត ជាច្រកអន្តរជាតិដ៏សំខាន់ ដែលខ្មាំងឈ្លានពានពាន ប៉ុនប៉ងចង់បានទន្ទ្រានយក ព្រមជាមួយនឹង ទំនួលខុសត្រូវដ៏ធំមួយទៀត គឺ អាយុជីវិតរបស់ បងប្អូនខ្មែរជា អាជីវករនៅផ្សាររុងក្លឿរាប់ម៉ឺននាក់ ដែលជាប់គាំង មិនអាចចេញរួច ។ តាមរយៈការចង្អុរបង្ហាញដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត និងការគាំទ្រដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ទិសដៅ យ៉ាងម៉ឺងម៉ាត់បំផុត ជូន ឯកឧត្ដមបណ្ឌិត ប្រធានក្រុមការងារក្រុងប៉ោយប៉ែត និងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ជា ពិសេសសមាជិកនៃ ក្រុមការងារពិសេសរបស់សម្ដេចនាយករដ្ឋមន្ត្រី លើកិច្ចការអន្តរាគមន៍ទី២ បានប្ដូរផ្ដាច់យ៉ាងដាច់ណាត់ គ្រប់មធ្យោបាយ គ្រប់យុទ្ធវិធី គ្រប់លទ្ធភាព ក្នុងការធានាបាននូវ សុខសន្តិភាព សុខសុវត្ថិភាព និងបញ្ចៀសគ្រប់ ឧបទ្ទវហេតុមកលើក្រុងប៉ោយប៉ែត ដែលកើតពីឧបាយកលរបស់ខ្មាំង ក្នុងចេតនាកម្ទេច និងឈ្លានពានក្រុងប៉ោយប៉ែត ដូចអ្វីដែលបានធ្វើនៅ តំបន់អូរស្មាច់ និងថ្មដា ។ តាមរយៈឆន្ទៈ មោះមុត ខាំធ្មេញ ប្រកៀកស្មាយ៉ាងរឹងមាំ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ មន្ត្រីរាជការ ដោយមិនរត់ចោល និងតស៊ូដល់ដង្ហើមចុងក្រោយការពារ ក្រុងប៉ោយប៉ែត បានផ្ដល់នូវកម្លាំងចិត្ត ភាពកក់ក្តៅ និងបង្ហាញពីសាមគ្គីភាពយ៉ាងរឹងមាំ បានធ្វើឲ្យប្រជាជនក្រុងប៉ោយប៉ែត និងជនជាតិដទៃចម្រុះជាតិសាសន៍ជាង៧០ ជនជាតិ រំភើប និងមានមោទនភាពដែលថ្នាក់ដឹកនាំយើងនៅតស៊ូ ខាំស្មៅ ហើយ បានប្ដេជ្ញាការពារ មិនចាកចោលក្រុងប៉ោយប៉ែតឡើយ ដែលនេះ ជាមូលហេតុដែលក្រុងប៉ោយប៉ែត ទទួលបានសុខសុវត្ថិភាព និងរងគ្រោះតិចតួចបំផុត ពីសង្គ្រាមរយៈពេលជាង២០ថ្ងៃមកនេះ ។ ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងពលរដ្ឋបរទេស គ្រប់ជាតិសាសន៍ដែលរស់នៅ ធ្វើការ ប្រកបដោយមុខរបរ រកទទួលទាន ក្នុងក្រុងប៉ោយប៉ែតសូមគោរពអរគុណ និងថ្លែងអំណរគុណបំផុត ចំពោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដែលបានខិតខំប្រឹងប្រែង មិនខ្លាចការនឿយហត់ ប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់ឧបសគ្គ ជាពិសេស មិនរត់ចោលក្រុងប៉ោយប៉ែត និងប្រជាជនប៉ោយប៉ែត តស៊ូដល់ចុងក្រោយជាមួយអ្នកប៉ោយប៉ែត រហូតក្នុងដំណាក់កាលនៃបទឈប់បាញ់និងជាច្រកនៅពន្លឺសន្តិភាព នាពេលនេះ ។ សូមបួងសួងដល់ ទេវតា និងវត្ថុស័ក្តិសិទ្ធិ គ្រប់ទិសទី តាមថែរក្សា ប្រសិទ្ធិពរជ័យ ជូន ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវ សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ទទួលបាននូវជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជន ជាពិសេសបន្ត ដឹកនាំនិងអភិវឌ្ឍន៍ក្រុងប៉ោយប៉ែត កាន់មានភាពសំបូរសប្បាយរីកចម្រើនមួយកម្រិតទៀត ។
