បឹងបូរាណមួយកន្លែងនឹងអណ្ដៅខ្សាច់ជាច្រើនកន្លែងទៀតជាទ្រព្យសម្បត្តិរដ្ឋត្រូវបានអ្នកមានលុយមានអំណាចនិងបក្សពួកដាក់ម៉ាស៊ីនបូមខ្សាច់ខ្នាតយក្សចំកណ្ដាលបឹងដឹកលក់តាមភូមិឃុំស្រុកខេត្តយ៉ាងអនាធិបតេយ្យចំណែកលោក កេតម៉ៅ អភិបាលស្រុកត្រាំកក់និងប្រធានមន្ទីរ៉ែថាមពលខេត្តតាកែវបានត្រឹមអង្គុយមើល។

ខេត្តតាកែវ បឹងពកត្របែកជាបឹងបូរាណមួយកន្លែងស្ថិតនៅក្នុងភូមិស្ទឹងឃុំអូសាររាយស្រុកត្រាំកក់ខេត្តតាកែវនិងអណ្ដៅខ្សាច់ជាច្រើនកន្លែងទៀតជាទ្រព្យសម្បត្តិរដ្ឋត្រូវបានអ្នកមានលុយមានអំណាចនិងបក្សពួកដាក់ម៉ាស៊ីនបូមខ្សាច់ខ្នាតយក្សចំកណ្ដាលស្ទឹងដឹកលក់តាមបណ្ដាលស្រុកខេត្តយ៉ាងអនាធិបតេយ្យធ្វើឲ្យទឹកល្អកដូចទឹកខួរអណ្ដែងដើម្បីផលប្រយោជន៍របស់ខ្លួនមិនខ្វល់ពីទុក្ខលំបាកនឹងផលប៉ះពាល់ដល់ពលរដ្ឋរស់នៅក្នុងតំបន់នោះឡើយពួកគាត់បានបន្តទៀតថាទឹកនៅក្នុងបឹងបូរាណនោះមិនត្រឹមតែពួកគាត់ប្រើប្រាស់មិនកើតនោះទេសូម្បីតែសត្វពាហនៈរបស់ពួកគាត់ដូចជាសត្វគោក្របីជ្រូកមាន់ទាក៏មិនអាចផឹកបានផងធ្វើឲ្យពួកគាត់លំបាកនៅក្នុងការរស់នៅយ៉ាងខ្លាំងទើបពួកគាត់សម្រេចចិត្តសំណូមពរដល់អង្គភាពសារព័ត៌មានយើងដើម្បីផ្សព្វផ្សាយជូនដំណឹងពីផល
លំបាករបស់ពួកគាត់ឱ្យដឹងដល់ថ្នាក់ដឹកនាំខេត្តជាពិសេសដល់ឯកឧត្តម វី សំណាង អភិបាលនៃខណៈអភិបាលខេត្តតាកែវនិងជាគណៈបញ្ជាការឯកភាពខេត្តមេត្តាពិនិត្យមើលថៅកែខ្សាច់និងបក្សពួកនេះផងទានដើម្បីសម្រួលដល់ពួកគាត់បានទឹកប្រើធម្មតាវិញផង។
ពួកគាត់បានប្រាប់អ្នកសារព័ត៌មានយើងបន្តទៀតថាថៅកែបូមខ្សាច់និងបក្សពួកខាងលើប្រហែលជាមានខ្នងបង្អែកនឹងអំណាចធំសម្បើមណាស់ហើយមើលទៅទើបអាចដាក់ម៉ាស៊ីនបូមខ្សាច់ខ្នាតយក្សចំកណ្ដាលបឹងពកត្របែកជាបឹងបូរាណនឹងជាទ្រព្យសម្បត្តិរដ្ឋដើម្បីដឹកលក់តាមបណ្ដាលស្រុកនានាជាពិសេសដឹកលក់នៅក្នុងខេត្តតាកែវបានយ៉ាងរលូនមិនដឹងថាមានច្បាប់ដល់កម្រិតណានោះទេ។ពួកគាត់បានបានបន្តទៀតថាពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះមិនសប្បាយចិត្តជាមួយថៅកែបូមខ្សាច់នោះទេព្រោះថៅកែរូបនោះធ្វើឱ្យទឹកល្អដូចទឹកខួរអណ្ដែងធ្វើឲ្យពួកគាត់លំបាកនៅក្នុងការប្រើប្រាស់ក៏ដូចជាសត្វចិញ្ចឹមរបស់ពួកគាត់ផងដែរ។កន្លងមកពួកគាត់បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្តបន្ទាប់ប៉ុន្តែមិនមានដំណោះស្រាយឬចំណាត់ការចំពោះថៅកែបូមខ្សាច់និងបក្សពូកនោះឡើយរហូតមកដល់នាពេលបច្ចុប្បន្ន។
ជាចុងក្រោយប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះសំណូមពរដល់ឯកឧត្តម វី សំណាងអភិបាលខេត្តតាកែវនិងជាគណៈបញ្ជាការឯកភាពខេត្តមេត្តាពិនិត្យមើលលើបុគ្គលជាថៅកែបូមខ្សាច់និងបក្សពួកដែលកំពុងតែដាក់ម៉ាស៊ីនបូមខ្សាច់ខ្នាតយក្សចំកណ្ដាលបឹងពកត្របែកជាទ្រព្យសម្បត្តិរដ្ឋដើម្បីឲ្យបញ្ចប់រាល់សកម្មភាពនឹងជួយសម្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះឱ្យបានទឹកស្អាតប្រើប្រាស់ផងទាន។
ជុំវិញករណីខាងលើនៅថ្ងៃទី13ខែធ្នូឆ្នាំ2025អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក កេតម៉ៅ អភិបាលស្រុកត្រាំកក់ដើម្បីធ្វើបទសម្ភាសន៍ជុំវិញករណីខាងលើលោកបានប្រាប់អ្នកសារព័ត៌មានយើងវិញថាបាទខ្ញុំសូមអរគុណប្អូនពាក់ព័ន្ធករណីខាងលើសូមប្អូនសួរទៅលោកប្រធានមន្ទីរ៉ែថាមពលខេត្តគាត់នឹងបញ្ជាក់ជូនប្អូនច្បាស់ព្រោះគាត់ជាអ្នកគ្រប់គ្រងការចេញអាជ្ញាប័ននិងការបង់ស៊យសារអាករមិនតែប៉ុណ្ណោះលោកបានបញ្ជាក់បន្ថែមទៀតថាប្អូនអ្នកស្រុកហ្នឹងឬប្អូននៅខាងណាបើប្អូនអ្នកស្រុកហ្នឹងពេលគេចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធគេផ្សព្វផ្សាយហើយប្អូនអាចដឹងបើប្អូនគិតថាមានបងប្អូនប្រជាពលរដ្ឋតវ៉ាឱ្យគាត់ដាក់ពាក្យបណ្ដឹងមករដ្ឋបាលស្រុកខ្ញុំនឹងបញ្ជូនទៅលោកប្រធានមន្ទីរ៉ែថាមពលខេត្ត។ចំណែកលោកប្រធានមន្ទីរ៉ែថាមពលខេត្តតាកែវអង្គភាពសារព័ត៌មានយើងមិនអាចទំនាក់ទំនងបានទេព្រោះមិនមានលេខទូរសព្ទ។
ទោះជាយ៉ាងណាក្ដីអង្គភាពសារព័ត៌មានយើងផ្សព្វផ្សាយគ្មានបំណងជាន់ពន្លិចទៅលើស្ថាប័នឬបុគ្គលណាឡើយគ្រាន់តែរិះគន់នៅក្នុងន័យស្ថាបនាតែប៉ុណ្ណោះអង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបកស្រាយបំភ្លឺនៅរាល់ម៉ោងធ្វើការតាមរបបច្បាប់សារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។
